ខកខានមើលរឿង «សង្សារ ១៤ ថ្ងៃ» នៅរោងកុនមែនទេ? ឱកាសមើលតាមទូរស័ព្ទបានមកដល់ហើយ

ភាពយន្តខ្នាតធំ «សង្សារ ១៤ ថ្ងៃ» ត្រូវបានដកស្រង់ចេញពីរឿងប្រលោមលោកដ៏ល្បីដែលមានចំណងជើងដូចគ្នា ចេញពីស្នាដៃនិពន្ធរបស់ អ្នកនិពន្ធឆ្នើម សុខ ចាន់ផល ដោយ​បាន​សម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ រហូតក្លាយកេណ្ឌចិត្តអ្នកអាន​ជា​ច្រើន​នាក់ជាប់ចិត្តមិនធម្មតា។

ក្រោយស្វែងយល់ពីទំហំនៃការគាំទ្ររបស់មិត្តៗអ្នកអាន ប្រលោមលោកមួយនេះ​ក៏ត្រូវ​បាន​បម្លែងទៅជាភាពយន្តខ្នាតធំ ដែលមានការចូលរួមសម្ដែងពី កញ្ញា ស៊ឹម ស្រីនិច្ច លោក ហូ សារៈ លោក សាន់នី លោក លី សុខណេត និងតារា​សម្ដែង​ជា​ច្រើនរូបទៀត។

ស៊ឹម ស្រីនិច្ច ត្រូវ​សម្ដែងជាតួ យ៉ានី យុវតីវ័យក្មេង​ដែល​មាន​បេះដូង​បរិសុទ្ធ និង​ទន់ភ្លន់ តែ​ត្រូវ​ខក​ចិត្តដោយសារ​តែស្នេហាគ្រា​ដំបូង​របស់នាង​កាលពី​នៅ​សិក្សា។ ដោយសារ​តែភាព​ឈឺចាប់​នេះ​បាន​បាន​ធ្វើឲ្យនាង កែប្រែជីវិតក្លាយជា​នារី​ដែល​មាន​ភាព​រឹងមាំ និង​មិនចេះចុះចាញ់​នឹង​ជីវិត​ដែលព្រហ្មលិខិតតាក់តែង​មក។

មាសា គឺជា​តួ​ឯក​ប្រុស​ដែល​បាន​ក្លាយជា​ហេតុផល​ដែល​ធ្វើឲ្យ​បេះ​ដូង​យុវតី **យ៉ានី​**ត្រូវគ្រាំគ្រា។ ប៉ុន្តែ​ដោយសារ​និស្ស័យ​គូ ចិត្តស្រឡាញ់របស់គេ​មិន​បាន​ទៅណា​ឡើយ ពោលគឺ​នៅ​ដក់ជាប់នឹង​តួ​ស្រី​រហូត​មករាប់ឆ្នាំ។ តួ មាសា ត្រូវ​បាន​សម្ដែង​ដោយលោក ហូ សារៈ។